វេជ្ជ​​បណ្ឌិត គួច ម៉េង​​លី ថា​​គួរ​​ទិញ​​ចំណី​​អា​ហារ​​ស្រស់ៗ​​ពិ​​សា ជា​​ជាង​​ទិញ​​អាហារ​​បំប៉ន​​សុខ​​ភាព

​ជុំវិញ​ករណី​ខាងលើ​នេះ​ ​លោក​វេជ្ជបណ្ឌិត​ គួ​ច​ ​ម៉េង​លី​ ​ជំនាញ​ផ្នែក​សុខ​ភាពទូទៅ​និង​សុខភាព​សាធារណៈ​ ​បាន​លើកឡើង​ថា​ ​ប្រជាជន​ខ្មែរ​មិនគួរ​ចំណាយ​លុយ​ទិញ​អាហារ​បំប៉ន​សុខភាព​ទេ​ ​ព្រោះ​អាហារ​បំប៉ន​សុខភាព​ទាំងនោះ​ ​មិន​ត្រឹមតែ​ពុំ​មាន​ប្រសិទ្ធ​ភាព​ចំពោះ​សុខភាព​ឡើយ​ ​តែ​ថែមទាំង​អាច​ធ្វើ​ឱ្យ​ប៉ះពាល់​ដល់​សុខភាព​ទៀត​ផង​។​

​លោក​វេជ្ជបណ្ឌិត​លើកឡើង​ដូច្នេះ​ថា​៖​ “​សតវត្សរ៍​ទី​២​១​ទៅ​ហើយ​ ​តែ​ប្រជាជន​ខ្មែរ​មួយ​ចំនួន​នៅតែ​ខ្វះ​ការពិចារណា​ ​នៅតែ​ចាញ់បោក​អ្នក​លក់​ផលិតផល​អាហារ​បំប៉ន​សុខភាព​។​ ​ហេតុអ្វី​ចូលចិត្ត​ឱ្យ​គេ​ឆ្លៀតឱកាស​បោកប្រាស់​លុយកាក់​ម្ល៉េះ​? ​អាហារ​បំប៉ន​សុខភាព​គេ​ផ្សព្វផ្សាយ​លក់​នោះ​ ​គ្មានផល​ល្អ​ចំពោះ​សុខភាព​ទេ​ ​វា​អាច​ធ្វើ​ឱ្យ​ប៉ះពាល់​សុខភាព​ធ្ងន់ធ្ងរ​។​”


​លោក​វេជ្ជបណ្ឌិត​ គួ​ច​ ​ម៉េង​លី​ ​បាន​ណែនាំ​ថា​ ​ប្រជាជន​ខ្មែរ​ដែល​ចូលចិត្ត​ទិញ​ផលិតផល​អាហារ​បំប៉ន​សុខភាព​ ​គួរតែ​ទុក​លុយ​ទាំងនោះ​ទិញ​ចំណីអាហារ​ស្រស់​ៗ​ដែល​មាន​ជីវជាតិ​គ្រប់គ្រាន់​ពិសា​ ​ហើយ​គួរតែ​យក​លុយ​ទាំងនោះ​ទៅ​ទិញ​ថ្នាំពេទ្យ​ដែល​មានគុណ​ភាព​លេប​ ​ទើប​មាន​សុខភាព​ល្អ​ ​មិន​ប៉ះពាល់​សុខភាព​នៅ​ថ្ងៃក្រោយ​។​ ​លោក​វេជ្ជបណ្ឌិត​បញ្ជាក់​បន្ថែម​ថា​ ​បើ​សន្សំ​លុយ​ទុក​ទិញ​តែ​អាហារ​បំប៉ន​សុខភាព​ ​តែ​មិន​ហ៊ាន​ទិញ​ចំណីអាហារ​ឆ្ងាញ់​ៗ​ ​ចំណីអាហារ​ដែល​មាន​ជីវជាតិ​គ្រប់គ្រាន់​យកមក​ពិសា​ឱ្យ​ពេញលក្ខណៈ​ទេ​ ​តើ​មាន​សុខភាព​ល្អ​មកពីណា?​

​គួរ​រម្លឹក​ជូន​ថា​ ​កាលពី​ថ្ងៃ​ទី​១​ ​ខែ​មីនា​ ​ឆ្នាំ​២​០​២​១​កន្លងទៅ​ ​ក្រសួងសុខាភិបាល​បាន​ចេញ​សេចក្តីប្រកាស​ព័ត៌មាន​ ​ដោយ​អះអាង​ថា​ ​អាហារ​បំប៉ន​សុខភាព​ ​ឬ​ផលិតផល​បំប៉ន​សុខភាព​មិន​អាច​ជំនួស​ចំណីអាហារ​ដែល​យើង​បរិភោគ​ប្រចាំថ្ងៃ​បានទេ​ ​និង​គ្មាន​ប្រសិទ្ធ​ភាព​ក្នុង​ការ​ធ្វើ​រោគវិនិច្ឆ័យ​ ​បង្ការ​ ​ឬ​ព្យាបាល​ជំងឺ​ ​ដូចជា​ជំងឺ​មហារីក​ ​ជំងឺ​សន្លាក់​ ​ជំងឺ​ទឹកនោម​ផ្អែម​ ​ជំងឺលើសឈាម​...​បាន​ឡើយ​ ​ផ្ទុយទៅវិញ​ផលិតផល​បំប៉ន​សុខភាព​ ​ឬ​អាហារ​បំប៉ន​សុខភាព​មួយ​ចំនួន​អាចប​ង្កឱ្យ​មាន​ហា​និ​ភ័យ​ចំពោះ​សុខភាព​ ​និង​ជួនកាល​អាចប​ង្ក​គ្រោះថ្នាក់​ដល់​អាយុជីវិត​ទៀត​ផង​៕​

អត្ថបទ៖ សែម ឬទ្ធី