បើតាម វេជ្ជបណ្ឌិត និន សុខរង្សី នាយកវេជ្ជសាស្ត្រ នៃមជ្ឈមណ្ឌលសុខភាពសិស្ស និន សុខរង្សី បានលើកឡើងថា ជំងឺផ្តាសាយ គឺជាជំងឺឆ្លងដែលទាក់ទងទៅនឹងផ្លូវដង្ហើមទូទៅជំងឺនេះវាមកពីមេរោគ ហៅថា Virus។ ហើយ Virus នេះមានចំនួនប្រភេទច្រើនណាស់ ប៉ុន្តែគេបានរកឃើញថា មាននៅក្នុងចង្កោមប្រភេទ Virus A, B និងC។ លោកថា ក្រុមអ្នកជំងឺដែលមានជំងឺផ្តាយសាយធំ អាចវិវត្តន៍ទៅជំងឺធ្ងន់ធ្ងរមានដូចជា កុមារអាយុក្រោម៥ឆ្នាំ មនុស្សចាស់លើសពី៦៥ឆ្នាំ និងអ្នកមានជំងឺរ៉ាំរ៉ៃជាដើម។
លោក មានប្រសាសន៍យ៉ាងដូច្នេះ៖ «ជំងឺផ្តាសាយអាចមានគ្រោះថ្នាក់ដល់អាយុជីវិត ដល់ស្លាប់ដោយសារតែការពារមិនយល់ដឹងអំពីជំងឺផ្តាសាយ ការព្យាបាលមិនល្អត្រឹមត្រូវគឺអាចមានគ្រោះថ្នាក់ ហើយទី២ គឺទាក់ទងនឹងអាកាសធាតុតំបន់ដែលត្រជាក់ក៏ធ្វើឱ្យមានបញ្ហាទាក់ទងនឹងជំងឺនេះធ្ងន់ធ្ងរ ទី៣ សម្រាប់កុមារក្រោមអាយុ២ឆ្នាំ ហើយនឹងមនុស្សចាស់៦៥ឆ្នាំឡើងទៅអាចមានហានិភ័យខ្ពស់ដោយសារប្រព័ន្ធការពាររបស់គាត់មានភាពខ្សោយ ចឹងអាចមានបញ្ហាទាក់ទងនឹងជំងឺហ្នឹងដល់សុខភាពរបស់គាត់រហូតដល់អាចស្លាប់បាន។»
លោក បញ្ជាក់ថា «រោគសញ្ញាផ្តាសាយធម្មតា និងផ្តាសាយធំ ជាទូទៅសញ្ញាវាមានដូចគ្នាហៀរសំបោរ កណ្តាស។ ហើយផ្តាសាយធំវាអាចមានកំដៅចឹង វាធ្វើឱ្យគាត់គ្រុនក្តៅញាក់ ឈឺក្បាល ឈឺខ្លួន ឈឺប្រាណ ឈឺសាច់ដុំ កូនក្មេងអាចឈឺរាកហើយក្អួត ចឹងវាធ្វើឱ្យអស់កម្លាំង ចឹងជំងឺហ្នឹងវាធ្វើទុក្ខចឹង ដូចជំងឺយើងសព្វថ្ងៃដែលទាក់ទងនឹងកូវីដចឹង ចឹងវាស្រដៀងៗគ្នា គ្រាន់តែផ្តាសាយធំវាខ្លាំងជាធម្មតា ជាទូទៅយើងមិនបាច់ប្រើថ្នាំក៏ជាសះស្បើយដែរ ចួនកាលដល់ធ្ងន់ធ្ងរយើងប្រើថ្នាំ ប៉ុន្តែជាទូទៅ ការញ៉ាំទឹកក្តៅឧណ្ហៗ ញ៉ាំម្ហូបឱ្យបានត្រឹមត្រូវវាជាសះស្បើយរយៈពេលត្រឹមមួយសប្តាហ៍ កាលណាលើសពីមួយសប្តាហ៍ឡើងទៅគួរធ្វើការពិភាក្សាពិនិត្យពិគ្រោះជាមួយគ្រូពេទ្យជំនាញ។»
លោកវេជ្ជបណ្ឌិត និន សុខរង្សី បាននិយាយថា៖ អ្នកដែលប្រឈមនឹងជំងឺគ្រុនផ្តាសាយ ងាយបំផុត គឺអ្នកដែលនៅជិតអ្នកជំងឺដែលមានជំងឺផ្តាសាយធំ កណ្តាស់ហៀរសំបោរ ក្តៅខ្លួន គឺអ្នកនោះឆ្លងភ្លាម ព្រោះជំងឺនេះជាជំងឺឆ្លងVirus ចឹងជំងឺហ្នឹងវាអាចឆ្លងលឿនបំផុត។ មួយទៀតទាក់ទងនឹងហានិភ័យជំងឺរ៉ាំរៃ ដូចជំងឺសួត អ្នកណាដែលមានជំងឺសួតគឺមានបញ្ហាច្រើនទាក់ទងនឹងហានិភ័យ ផ្តាសាយធំ បន្ទាប់មកទៀតមានជំងឺតម្រងនោម ថ្លើម បេះដូង ដាច់សសៃខួរក្បាល គឺផ្តាសាយធំនេះមានហានិភ័យខ្ពស់ណាស់។ ទាក់ទងនឹងជំងៃអេដស៍ ដែលធ្វើឱ្យភាពស៊ាំហ្នឹងវាកាន់តែចុះ គឺជាអ្នកកាន់តែប្រឈមមុខជាងគេ។ ហើយអ្នកដែលមានផ្ទៃពោះក៏ប្រឈមមុខខ្លាំងជាងគេដែរ អ្នកទាំងអស់នោះគឺអាចប្រឈម នឹងហានិភ័យជំងឺផ្តាសាយធំនេះបំផុត។
លោក បានពន្យល់ថា៖ «សម្រាប់នៅប្រទេសយើងគឺប្រទេសក្តៅមែន ប៉ុន្តែមិនអាចសម្លាប់មេរោគហ្នឹងបានទេ ព្រោះVirusហ្នឹងវាអាចរស់នៅបានយូរថ្ងៃ ហើយជួនកាលទៀតVirusហ្នឹងមិនអាចរស់នៅបានយូរម៉ោងដែរ ហើយវាក៏អាចរស់នៅបានយូរដែរ ចឹងវិធីដែលមានប្រសិទ្ធភាពបំផុតដែលអ្នកប្រើប្រាស់គេបានរកឃើញថា ចាក់ថ្នាំបង្ការហ្នឹង Vaccine ហ្នឹងយើងទាំងអស់គ្នាគួរតែចាក់មួយឆ្នាំម្តងៗ ដើម្បីយើងចាក់ការពារវា ហើយក្នុងការចាក់ថ្នាំការពារហ្នឹងវាមិនអាចនិយាយថាមានប្រសិទ្ធភាព១០០% គឺគ្មានទេ ហើយតំបន់ខ្លះក្រោម៥០%ក៏មាន ប៉ុន្តែយើងចាំបចា់ត្រូវតែចាក់ដើម្បីយើងការពារព្រោះល្អបំផុតដូចខ្ញុំបានលើកឡើងចឹងគឺទាក់ទងជំងឺរ៉ាំរៃជាដើម គឺអាចជួយបានច្រើនណាស់។»
ទោះជាយ៉ាងនេះក្តី លោក ក៏បានណែនាំ ថាអ្នកដែលមិនអាចចាក់វ៉ាក់សាំងការពារគ្រុនផ្តាសាយធំមានដូចជា មានប្រតិកម្មជាមួយស៊ុត ធ្លាប់មានប្រតិកម្មកាលពីចាក់វ៉ាក់សាំងលើកមុន និងមានជំងឺគ្រុនក្តៅ។ ដោយឡែកចំពោះអ្នកដែលមានអាការៈក្តៅខ្លួនលើសពី២ថ្ងៃ លោក ក៏ផ្តល់យោបល់ឱ្យទៅពេទ្យដើម្បីពិគ្រោះជំងឺ ចៀសវាងវិវត្តន៍ទៅធ្ងន់ធ្ងរ។
គួរជម្រាបជូនថា អ្នកឧកញ៉ា វេជ្ជបណ្ឌិត គួច ម៉េងលី តែងគិតគូពីសុខុមាលភាពលោកគ្រូ អ្នកគ្រូនិងបុគ្គលិកគ្រប់ជាន់ថ្នាក់។ ជារឿយៗ លោក តែងផ្តល់វ៉ាក់សាំងបង្ការគ្រុនផ្តាសាយធំដល់បុគ្គលិករាប់ពាន់នាក់ដោយឥតគិតថ្លៃរួចមកហើយ៕