ជុំវិញករណីខាងលើនេះ លោកវេជ្ជបណ្ឌិត គួច ម៉េងលី ជំនាញផ្នែកសុខភាពទូទៅនិងសុខភាពសាធារណៈ បានលើកឡើងថា ប្រជាជនខ្មែរមិនគួរចំណាយលុយទិញអាហារបំប៉នសុខភាពទេ ព្រោះអាហារបំប៉នសុខភាពទាំងនោះ មិនត្រឹមតែពុំមានប្រសិទ្ធភាពចំពោះសុខភាពឡើយ តែថែមទាំងអាចធ្វើឱ្យប៉ះពាល់ដល់សុខភាពទៀតផង។
លោកវេជ្ជបណ្ឌិតលើកឡើងដូច្នេះថា៖ “សតវត្សរ៍ទី២១ទៅហើយ តែប្រជាជនខ្មែរមួយចំនួននៅតែខ្វះការពិចារណា នៅតែចាញ់បោកអ្នកលក់ផលិតផលអាហារបំប៉នសុខភាព។ ហេតុអ្វីចូលចិត្តឱ្យគេឆ្លៀតឱកាសបោកប្រាស់លុយកាក់ម្ល៉េះ? អាហារបំប៉នសុខភាពគេផ្សព្វផ្សាយលក់នោះ គ្មានផលល្អចំពោះសុខភាពទេ វាអាចធ្វើឱ្យប៉ះពាល់សុខភាពធ្ងន់ធ្ងរ។”
លោកវេជ្ជបណ្ឌិត គួច ម៉េងលី បានណែនាំថា ប្រជាជនខ្មែរដែលចូលចិត្តទិញផលិតផលអាហារបំប៉នសុខភាព គួរតែទុកលុយទាំងនោះទិញចំណីអាហារស្រស់ៗដែលមានជីវជាតិគ្រប់គ្រាន់ពិសា ហើយគួរតែយកលុយទាំងនោះទៅទិញថ្នាំពេទ្យដែលមានគុណភាពលេប ទើបមានសុខភាពល្អ មិនប៉ះពាល់សុខភាពនៅថ្ងៃក្រោយ។ លោកវេជ្ជបណ្ឌិតបញ្ជាក់បន្ថែមថា បើសន្សំលុយទុកទិញតែអាហារបំប៉នសុខភាព តែមិនហ៊ានទិញចំណីអាហារឆ្ងាញ់ៗ ចំណីអាហារដែលមានជីវជាតិគ្រប់គ្រាន់យកមកពិសាឱ្យពេញលក្ខណៈទេ តើមានសុខភាពល្អមកពីណា?
គួររម្លឹកជូនថា កាលពីថ្ងៃទី១ ខែមីនា ឆ្នាំ២០២១កន្លងទៅ ក្រសួងសុខាភិបាលបានចេញសេចក្តីប្រកាសព័ត៌មាន ដោយអះអាងថា អាហារបំប៉នសុខភាព ឬផលិតផលបំប៉នសុខភាពមិនអាចជំនួសចំណីអាហារដែលយើងបរិភោគប្រចាំថ្ងៃបានទេ និងគ្មានប្រសិទ្ធភាពក្នុងការធ្វើរោគវិនិច្ឆ័យ បង្ការ ឬព្យាបាលជំងឺ ដូចជាជំងឺមហារីក ជំងឺសន្លាក់ ជំងឺទឹកនោមផ្អែម ជំងឺលើសឈាម...បានឡើយ ផ្ទុយទៅវិញផលិតផលបំប៉នសុខភាព ឬអាហារបំប៉នសុខភាពមួយចំនួនអាចបង្កឱ្យមានហានិភ័យចំពោះសុខភាព និងជួនកាលអាចបង្កគ្រោះថ្នាក់ដល់អាយុជីវិតទៀតផង៕
អត្ថបទ៖ សែម ឬទ្ធី