នៅក្នុងយុទ្ធនាការធនាគារឈាម ម៉េងលី ជេ. គួច នេះ លោក ឡាយ សុភា ប្រធានមជ្ឈមណ្ឌលភាសា អេ អាយ អាយ បានមានប្រសាសន៍ថា ដោយមើលឃើញពីការខ្វះខាតឈាមក្នុងការជួយដល់ជនរងគ្រោះនោះ អ្នកឧកញ៉ា វេជ្ជបណ្ឌិត គួច ម៉េងលី បានផ្តួចផ្តើមគំនិតបង្កើតកម្មវិធីនេះឡើងនៅឆ្នាំ២០០៥ ហើយបានបន្តធ្វើសកម្មភាពមនុស្សធម៌នេះជាបន្តបន្ទាប់។ លោកក៏សំណូមពរដល់លោកគ្រូ អ្នកគ្រូ សិស្សានុសិស្សយល់អំពីការបរិច្ចាគឈាមនេះ និងចូលរួមឱ្យបានផុសផុល ព្រោះថា ការបរិច្ចាកឈាមមិនធ្វើឱ្យមានគ្រោះថ្នាក់អ្វីនោះទេ តែផ្ទុយទៅវិញគឺបានជួយមនុស្យឱ្យរួចផុតពីសេចក្ដីស្លាប់ ហើយក៏ជួយឱ្យមានសុខភាពល្អផងដែរ។
លោក លី សុវិទ្យ អនុប្រធានមជ្ឈមណ្ឌលជាតិផ្ដល់ឈាម បានមានប្រសាសន៍ថា ការបរិច្ចាគឈាមរបស់លោកគ្រូ អ្នកគ្រូនៅពេលនេះ គឺពិតជាបានជួយសម្រួលដល់មជ្ឈមណ្ឌលជាតិផ្តល់ឈាម ព្រោះថា ជាការផ្គត់ផ្គង់ឈាមដល់ជនរងគ្រោះគឺពិតជាមានតម្រូវការខ្ពស់ ខណៈដែលអ្នកបរិច្ចាគមានតិច ហើយឈាមខ្លះដែលបរិច្ចាគមកហើយនោះ មានមេរោគផ្សេងៗ ដែលមិនអាចប្រើប្រាស់បានផងដែរ។
លោកគ្រូ អ្នកគ្រូ បុគ្គលិក សិស្សនិស្សិត និងសាធារណជនប្រមាណជាង១០០នាក់ ដែលបានចូលរួមក្នុងការបរិច្ចាគឈាម ក្នុងនោះដែរ លោក ងួន សៅចំរើន ក៏បានចូលរួមបរិច្ចាគផងដែរ។ លោកបានប្រាប់ MJQTV ថា មូលហេតុដែលលោកចូលរួមបរិច្ចាគនេះ គឺដោយសារតែលោកគិតថា ការបរិច្ចាគឈាមនេះ គឺជាជាជំនួយមនុស្សធម៌មួយដ៏សំខាន់សម្រាប់អាយុជីវិតមនុស្ស។ លោកបន្តថា លោកក៏ធ្លាប់បានបទពិសោធន៍ស្វែងរកឈាមដើម្បីជួយសង្គ្រោះជីវិតសាច់ញាតិរបស់លោកផងដែរ ដោយលោកអះអាងថា ប្រសិនបើមិនមានមូលនិធិផ្គត់ផ្គង់ឈាមទេ សាច់ញាតិរបស់លោកនឹងមិនមានសង្ឃឹមមានជីវិតរស់បន្ដឡើយ។
លោក សែម សំអាន ប្រធានគ្រប់គ្រងកម្មវិធី មូលនិធិ ម៉េងលី ជេ. គួច មានប្រសាសន៍ថា ក្រុមការងារមនុស្សធម៌នៃ មូលនិធិ ម៉េងលី ជេ. គួច និងព្យាយាមយ៉ាងណាឱ្យកម្មវិធីបរិច្ចាគឈាមនេះកាន់តែផុសផុល ដោយលោកគ្រោងជំរុញឱ្យមាន២ដងក្នុងមួយឆ្នាំ។
សូមបញ្ជាក់ថា យុទ្ធនាការបរិច្ចាគឈាមនាថ្ងៃនេះ ជាយុទ្ធនាការលើកទី ០៤ នៃគម្រោងធនាគារឈាម ម៉េងលី ជេ. គួច ដែលជាគម្រោងមួយក្នុងចំគម្រោងទាំង៥ នៃកម្មវិធីសុខភាព របស់មូលនិធិ ម៉េងលី ជេ. គួច ត្រូវបានផ្តួចផ្តើមគំនិតបង្កើតឡើងដោយអ្នកឧកញ៉ា វេជ្ជបណ្ឌិត គួច ម៉េងលី តាំងពីឆ្នាំ២០០៥មក ហើយកម្មវិធីសុខភាពនេះបានផ្តល់ជំនួយដល់អ្នកទទួលផលផ្ទាល់ចំនួនជាង ៤ម៉ឺននាក់រួចមកហើយ៕