អ្នកឧកញ៉ា វេជ្ជបណ្ឌិត គួច ម៉េងលី ឯកទេសសុខភាពសាធារណៈ បានមានប្រសាសន៍ទាក់ទងនឹងជំងឺផ្ដាសាយបក្សី H5N1 នេះថា ជំងឹនេះបានផ្ទុះឡើងនៅកម្ពុជាម្ដងរួចមកហើយកាលពីឆ្នាំ២០០៥ មាន៥៦ករណីបណ្ដាលឱ្យមនុស្ស៣៨នាក់ស្លាប់។ លោកបញ្ជាក់ថា ជំងឺនេះដោយឆ្លងពីសត្វដែលមនុស្សចិញ្ចឹមមកមនុស្សវិញ ជាពិសេសសត្វបក្សីដែលស្លាប់ ហើយមុខសញ្ញា គឺមិនខុសពីជំងឺផ្ដាសាយនោះទេ មានការក្អក ក្ដៅខ្លួន ឈឺទ្រោមខ្លួន និងពិបាកដកដង្ហើមជាដើម។
អ្នកឧកញ៉ាបានបង្ហាញពីវិធីទប់ស្កាត់ដូចជា ឧស្សាហ៍លាងដៃជាមួយទឹកក្ដៅឧណ្ហៗ ឬសាប៊ូ ជាពិសេសមុនពេលទទួលទានអាហារ និងកាន់សាច់ឆៅរួច សម្អាតរបស់ប្រើប្រាស់រួចឱ្យបានស្អាត។ សម្រាប់សាច់សត្វដែលយកមកធ្វើម្ហូបគឺត្រូវចម្អិនឱ្យឆ្អិនល្អ នៅឱ្យឆ្ងាយពីសត្វចិញ្ចឹម ជាពិសេសសត្វស្លាប់ ហើយកុំយកសត្វស្លាប់ទាំងនោះមកធ្វើជាអាហារ ពាក់ស្រោមដៃ និងម៉ាស់ពេលយកសត្វស្លាប់នោះទៅកប់ចោល។ សម្រាប់សត្វចិញ្ចឹមវិញ គឺត្រូវដាក់កន្លែងណាដែលមិនមានភក់ជ្រាំ ថែទាំនិងឱ្យចំណីឱ្យបានត្រឹមត្រូវ។
លោកឱ្យដឹងទៀតថា ជំងឺផ្ដាសាយបក្សីH5N1នេះ គឺវាយលុកនៅពេលដែលប្រព័ន្ធការពាររបស់មនុស្សខ្សោយជាពិសេសគឺប្រព័ន្ធផ្លូវដង្ហើម៕