វេជ្ជបណ្ឌិត​​ជំនាញ​​បង្ហាញ​​មូលដ្ឋាន​​គ្រឹះ​​នៃ​​ការ​សង្គ្រោះ​​ជីវិត​​ឬ​​ការ​សង្គ្រោះ​​បឋម

​ជាក់ស្តែង​កាលពី​ថ្ងៃ​ទី​២​២​ ​ខែកុម្ភៈ​ ​កន្លងទៅ​ថ្មីៗ​នេះ​ ​មជ្ឈមណ្ឌល​ភាសា​ អេ ​អាយ ​អាយ​ ​សាខា​សៀមរាប​ ​សហការ​ជាមួយ​មជ្ឈ​មណ្ឌលសុខភាព​សិស្ស​ និ​ន​ ​សុខ​រង្សី​ ​បាន​រៀបចំ​វគ្គ​បណ្តុះបណ្តាល​ស្តីពី​ការសង្គ្រោះ​បឋម​ ​ដល់​លោកគ្រូ​ ​អ្នក​គ្រូ​ ​និង​បុគ្គលិក​គ្រប់​ផ្នែក​ទាំងអស់​ ​ដើម្បី​បង្កើន​ចំណេះ​ដឹង​ពាក់ព័ន្ធ​នឹង​វិធីសាស្ត្រ​នៃ​ការសង្គ្រោះ​បឋម​។​
​លោក​ ​វ៉ាន់​ សុ​ជា​ ​ប្រធាន​ផ្នែក​លេខាធិការ​កម្មវិធីសិក្សា​ ​នៃ​មជ្ឈមណ្ឌល​ភាសា​ អេ ​អាយ​ ​អាយ​ ​សាខា​សៀមរាប​ ​បាន​ឱ្យ​ដឹង​ថា​ ​វគ្គ​បណ្តុះបណ្តាល​នេះ​ធ្វើឡើង​ដើម្បី​ឱ្យ​លោកគ្រូ​អ្នក​គ្រូ​ ​និង​បុគ្គលិក​ទាំងអស់​ទទួល​បាន​ព័ត៌មាន​ពី​មូលដ្ឋាន​ថា​តើ​នរណា​អាច​ជួយសង្គ្រោះ​បឋម​បាន​ ​អ្វី​ទៅជា​និតិ​វិធី​នៃ​ការសង្គ្រោះ​ជា​មូលដ្ឋាន​ ​របៀប​នៃ​ការស្វែងរក​ការសង្គ្រោះ​បន្ទាន់​នៅ​ក្នុង​កន្លែងធ្វើការ​ ​និង​មាន​ជាច្រើន​ទៀត​។​
​លោក​ ​បាន​បញ្ជាក់​ថា​៖​ ​«​វា​ពិតជា​មាន​សារៈសំខាន់​សម្រាប់​អ្នករាល់គ្នា​ដែល​ធ្វើការ​នៅ​ក្នុង​ការិយាល័យ​ដែល​ទទួល​បាន​វគ្គ​បណ្តុះបណ្តាល​នេះ​ ​ពីព្រោះ​ឧ​ប្បតិ្ត​ហេតុ​កើតឡើង​គ្រប់​ទីកន្លែង​និង​គ្រប់ពេល​វេលា​។​»​
​ពាក់ព័ន្ធ​នឹង​បញ្ហា​ដដែល​ ​លោក​វេជ្ជបណ្ឌិត​ និ​ន​ ​សុខ​រង្សី​ ​នាយក​វេជ្ជសាស្ត្រ​នៃ​មជ្ឈ​មណ្ឌលសុខភាព​សិស្ស​ ​បាន​ពន្យល់​ពី​សារៈសំខាន់​និង​វិធី​ក្នុង​ការសង្គ្រោះ​បឋម​ថា​ ​ការសង្គ្រោះ​បឋម​ ​គឺជា​ការ​ជួយសង្គ្រោះ​បន្ទាន់​ដល់​អ្នកជំងឺ​ ​ឬ​អ្នករងគ្រោះ​របួស​ ​ខណៈ​ពេល​រង់ចាំ​ក្រុម​សង្គ្រោះ​ ​ផ្នែក​វេជ្ជ​សា​ស្រ្ត ​ជំនាញ​មកដល់​។​ ​លោក​ ​បន្ថែម​ថា​ ​ការសង្គ្រោះ​បឋម​ ​មិន​តម្រូវ​ឱ្យ​មានចំណេះ​ដឹង​ផ្នែក​បច្ចេកទេស​ច្រើន​ទេ​ ​ឬក៏​ឧប​ក​ណ៍​ពិសេស​ៗ​ណា​ឡើយ​។​
​បើ​តាម​ការ​ពន្យល់​ពី​វេជ្ជបណ្ឌិត​ជំនាញ​រូប​នេះ​ ​ការសង្គ្រោះ​បឋម​ ​គឺ​ការ​ធ្វើ​ឱ្យ​មាន​ចលនា​បេះដូង​ឡើងវិញ​ ​និង​ដង្ហើម​ឡើងវិញ​តាម​បច្ចេកទេស​ C​P​R ​ដោយ​ការ​សង្កត់​ទ្រូង​ប្រើ​ម្រា​យ​ដៃ​ពីរ​ចំពោះ​មនុស្ស​ពេញវ័យ​ ​និង​កូនក្មេង​ ​ដែល​តម្រូវ​ឱ្យ​សង្កត់​ឱ្យ​ខ្លាំង​ ​សង្កត់​ឱ្យ​លឿន​។​ ​មុនដំបូង​នោះ​គឺ​ដាក់ដៃ​ម្ខាង​ពីលើ​ដៃ​ម្ខាងទៀត​ឱ្យ​បាន​ស្រួល​ ​ខ្ទាស់​ម្រាមដៃ​ចូលគ្នា​ដើម្បី​ឱ្យ​មាន​លំនឹង​ ​វិធី​ក្នុង​ការ​ង្កត់​ទ្រូង​តម្រូវ​ឱ្យ​ប្រើ​កែង​បាតដៃ​។​ ​ជាមួយនឹង​គ្នា​នេះ​ ​អ្នក​ជួយសង្គ្រោះ​នោះ​ ​ត្រូវ​ពង្រឹង​ស្មា​របស់​អ្នក​ឱ្យ​ត្រង់​ចំ​ពីលើ​ទ្រូង​របស់​អ្នកជំងឺ​ ​សង្កត់​៣​០​ដង​ ​និង​ផ្លុំ​ខ្យល់​២​ដង​ផង​ដែរ​។​
​បន្ថែម​ពី​នេះ​ ​លោក​វេជ្ជបណ្ឌិត​ជំនាញ​ក៏បាន​ ​បង្ហាញ​ពី​ការសង្គ្រោះ​បឋម​ ​ជាច្រើន​ផ្សេងទៀត​ដូចជា​ ​កា​រហូរ​ឈាម​ ​ការ​ស្លាក់​ ​ការ​ពុល​ ​ការ​សន្លប់បាត់ស្មារតី​ឬ​ខ្យល់គ​ ​ការ​បាក់ឆ្អឹង​ ​របួស​កោសិកា​ខាងក្រៅ​ ​របួស​ក្បាល​និង​ឆ្អឹងខ្នង​ ​របួស​ក្បាល​ ​ការ​រលាក​ ​សត្វ​ទិច​ឬ​ខាំ​ ​ពស់​ចឹក​ ​ការ​បាក់ធ្មេញ​ ​និង​ការសង្គ្រោះ​បឋម​នានា​ជាច្រើន​ទៀត​។​
​«យ៉ាងណាក្តី​ ​ការសង្គ្រោះ​ជីវិត​ ​ការពារ​ការ​បាត់បង់​ស្មារតី​ ​ការពារ​ដើម្បី​កុំ​ឱ្យ​សភាព​ជំងឺ​កាន់តែ​ធ្ងន់​ទៅ​ៗ​ ​និង​ជួយ​ឱ្យ​ឆាប់​ដឹងខ្លួន​។»​ ​នេះ​បើ​តាម​ការ​បញ្ជាក់​របស់​លោក​ និ​ន​ ​សុខ​រង្សី​ ​នាយក​វេជ្ជសាស្ត្រ​នៃ​មជ្ឈ​មណ្ឌលសុខភាព​សិស្ស​ និ​ន​ ​សុខ​រង្សី​៕​